04 September 2014

Gear VR ដែលជាដៃគូរបស់ Galaxy Note 4 នឹង​នាំ​យើង​ទៅ​កាន់​ពិភពលោកថ្មីមួយ

ប្រភពៈ ខេមបូរីផត

កាលពីល្ងាចមិញនៅក្នុងកំឡុងពេល​ដែល Samsung បាន​ធ្វើ​ការ​ដាក់​បង្ហាញ​ផលិត​ផល​ថ្មី​នោះ យើង​សង្កេត​ឃើញ​មាន​វត្តមាន​របស់​ឧបករណ៍​ថ្មីៗ និង​ទំនើបៗ​ជា​ច្រើន ដែល​មាន​ដូច​ជា Samsung Galaxy Note 4, Galaxy Note Edge និង Galaxy Gear VR។ Gear VR គឺ​ជា​ឧបករណ៍​ប្រភេទ​ថ្មី​មួយ​ទៀត​របស់ Samsung ដែល​ក្រុមហ៊ុន​បាន​សហការណ៍​ផលិត​ជាមួយ​ក្រុមហ៊ុន Oculus ហើយ​នេះ​គឺ​ជា​ការ​ប្រកាស​នូវ​សង្គ្រាម​ជាមួយ Sony និង Facebook ហើយ ព្រោះ​ក្រុមហ៊ុន​ទាំង​នេះ​ក៏​មាន​ឧបករណ៍​ស្រដៀង​គ្នា​នេះ​ដែរ។






ឧបករណ៍នេះ ប្រៀបបានទៅនឹង​វ៉ែនតា​ទំនើប​មួយ​អញ្ជឹង ដែល​វា​នឹង​នាំ​ភ្នែក​យើង​ទៅ​កាន់​ពិភព​​អស្ចារ្យ​មួយ​ទៀត​ដូច​ពិត​ជាក់​ ស្តែង​អញ្ជឹង។ ដើម្បី​ប្រើ​ប្រាស់​ឧបករណ៍​នេះ​បាន យើង​ត្រូវ​បំពាក់ Galaxy Note 4 ទៅ​ក្នុង​ឧបករណ៍​នេះ​សិន ដើម្បី​បង្ហាញ​រូបភាព​ផ្សេងៗ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់។ Galaxy Note 4 មាន​អេក្រង់​ទំហំ 5.7 អ៊ីញ​ប្រភេទ Super AMOLED មាន​កម្រិត​ភាព​ច្បាស់​ខ្ពស់​ដល់​ទៅ QHD (2560x1440) ភិចសែល​ឯ​ណោះ ដែល​វា​អាច​អោយ​អ្នក​ទស្សនា​រូបភាព​បាន​ពេញ​ភ្នែក​ក្នុង​កម្រិត​មុំ 96 ឌឺក្រេ និង​ផុស​ឡើង​ដូច 3D អញ្ចឹង។
នៅពេលដែលយើងដាក់បញ្ចូល Note 4 ទៅក្នុង​ឧបករណ៍​នេះ អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មឺនុយ​កម្មវិធី និង​ហ្គេម​ជា​ច្រើន។ កម្មវិធី​មួយ​ចំនួន​អនុញ្ញត្តិ​អោយ​យើង​ចូល​ទៅ​កាន់​ពិភព​មួយ​ផ្សេង​ទៀត និង​ទស្សនា​នូវ​ទិដ្ឋភាព​ជុំវិញ​ខ្លួន​យើង 360 ឌឺក្រេ​តែ​ម្តង។ ឧទាហរណ៍​ថា​អ្នក​នៅ​ក្នុង​មហោ​ស្រព ហើយ​យើង​អាច​ទស្សនា​ទិដ្ឋភាព​បាន​ដោយ​គ្រាន់​តែ​ងាក​ឆ្វេង​ស្តាំ និង​ទៅ​ក្រោយ​ប៉ុណ្ណោះ។ Gear VR ក៏​មាន​ភ្ជាប់​មក​ជាមួយ​ហ្គេម 3D មួយ​ចំនួន​ផង​ដែរ ដែល​យើង​អាច​បញ្ជា​បាន​តាម​រយៈ​ទ្រនាប់​បញ្ជា​ដែល​ស្ថិត​នៅ​ខាង​ស្តាំ​នៃ​ ឧបករណ៍​នេះ។









នាពេលបច្ចុប្បន្ននេះ Gear VR មាន​ហ្គេម​និង​កម្មវិធី​មួយ​ចំនួន​ដែល​អាច​អោយ​យើង​រីក​រាយ​ក្នុង​ការ​ប្រើ​ ប្រាស់​រួច​ហើយ ប៉ុន្តែ Samsung នឹង​បន្ត​សហការណ៍​ជាមួយ​ Studio ក៏​ដូច​ជា​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដើម្បី​បង្កើត​ហ្គេម និង​កម្មវិធី​ពិសេសៗ​បន្ថែម។ ការ​ឈាន​ជើង​ចូល​បង្កើត​ឧបករណ៍​ដ៏​ទំនើប​នេះ ធ្វើ​អោយ​អតិថិជន​ជា​ច្រើន​មាន​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ព្រោះ​អី​វា​លើស​ពី​អ្វី​ដែល​យើង​រំពឹង​ទុក​ទៅ​ទៀត។ គូ​ស​បញ្ជាក់​ផង​ដែរ​ថា ឧបករណ៍​នេះ​អាច​ប្រើ​ប្រាស់​បាន​តែ​ជាមួយ Galaxy Note 4 តែ​ប៉ុណ្ណោះ ហើយ​វា​នឹង​មាន​លក់​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​កញ្ញា​ខាង​មុខ​នេះ​ហើយ ជាមួយ​នឹង​តម្លៃ​នៅ​អាថ៌​កំបាំង​នៅ​ឡើយ​ទេ។ 

តើប្រិយមិត្តមានចំណាប់អារម្មណ៍​យ៉ាង​ណា​ដែរ ចំពោះ​ឧបករណ៍​ដ៏​ទំនើប និង​អស្ចារ្យ​មួយ​នេះ? នៅ​ក្នុង​ឆ្នាំ​នេះ Samsung បាន​នាំ​យក​បច្ចេក​វិទ្យា​ក្នុង​ក្តី​សុបិន្ត​ជា​ច្រើន​មក​អោយ​ពិភពលោក​បាន​ ឃើញ​និង​ប្រើ​ប្រាស់ ដែល​មាន​ទាំង​នាឡិកា​អេក្រង់​កោង ទូរស័ព្ទ​អេក្រង់​កោង​នៅ​ខាង​គែម ស្មាតហ្វូន​ដែល​មាន​លក្ខណៈ​សម្បត្តិ​ល្អ​លើ​លោក និង​ឧបករណ៍​នាំ​យក​ភ្នែក​មនុស្ស​ទៅ​កាន់​ពិភព​ផ្សេង​មួយ​ទៀត​ជា​ដើម។

No comments:

Post a Comment