04 September 2014

Samsung ឆ្លើយតបនឹងតម្រូវ​ការ​អ្នក​ប្រើ​ប្រាស់ ក្នុង​ការ​បង្កើត​ស្មាតហ្វូន​មាន​ រចនាបថ​ជា​លោហៈហើយ

ប្រភពៈ​ ខេមបូរីផត

អស់រយៈពេលជាងបួនឆ្នាំមកហើយ ដែល Samsung បានកាន់​កាប់​តំណែង​ទីផ្សារ​លក់​ស្មាតហ្វូន​ធំ​ជាង​គេ​ក្នុង​ពិភព​លោក ព្រោះអី​ទូរស័ព្ទ​របស់ Samsung សុទ្ធ​តែ​បាន​បំពាក់​មក​ជាមួយ​បច្ចេក​វិទ្យា​ថ្មីៗ អេក្រង់​មាន​គុណភាព​ខ្ពស់ កម្លាំង​ម៉ាស៊ីន​លំដាប់​កំពូល ដែល​នេះ​គឺ​សុទ្ធ​តែ​ជា​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អតិថិជន​មួយ​ចំនួន​មិន​សូវ​ពេញ​ចិត្ត​ទៅ​នឹង​រចនា​បថ​ផលិត​ផល​របស់ Samsung ប៉ុន្មាន​នោះ​ទេ ព្រោះ​អី​វា​មិន​បាន​រំលេច​ដោយ​លោហៈ​ធាតុ​ប្រណិត ដូច​នឹង​គូ​ប្រជែង​ស៊ី​សាច់​ហុត​ឈាម​ខ្លួន​ឡើយ។ Samsung មិន​មែន​មិន​ដឹង​ថា អតិថិជន​ត្រូវ​ការ​អ្វី​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ទំនង​ជា​ត្រូវ​ចំណាយ​ពេល​សិក្សា​ស្រាវជ្រាវ ទាក់​ទង​នឹង​រចនាបថ​ជា​ច្រើន ហើយ​នៅ​ក្នុង​ឆ្នាំ 2014 នេះ ខ្លួន​បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​នេះ​ហើយ។ 

កាលពីចុងឆ្នាំ 2013 កន្លងទៅនេះ Samsung បាន​ធ្វើ​ការ​ដាក់​បង្ហាញ​នាឡិកា​ឆ្លាត Galaxy Gear ដែល​វា​មាន​តួ​ខ្លួន​ខាង​មុខ​ផ្សំ​ពី​លោហៈ ចំណែក​ឯ Gear 2, Gear Neo និង Gear Fit វិញ​ក៏​ប្រើ​ប្រាស់​សារធាតុ​នេះ​ដូច​គ្នា​ដែរ។ ព្រម​គ្នា​នេះ​ដែរ កាល​ពី​ខែ​មុន​នេះ​ទៀត​សោធ Samsung ក៏​បាន​ធ្វើ​ការ​ដាក់​បង្ហាញ​ស្មាតហ្វូន ដែល​មាន​ស៊ុម​លោហៈ​ធាតុ​ប្រណិត​ព័ទ្ធ​ជុំវិញ​ផង​ដែរ នោះ​គឺ Galaxy Alpha។ នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​ផ្លាស់់​ប្តូរ​រចនាបថ​ដ៏​ធំ​មួយ​របស់​ប្រវត្តិ​ សាស្ត្រ Samsung ព្រោះ​អី Samsung បាន​ប្រើ​ប្រាស់​ជ័រ​បន្លំ​ធ្វើ​លោហៈ​តាំង​ពី​ជំនាន់ Galaxy S1 មក​ម្ល៉េះ។
ជាការពិតណាស់ អ្នកប្រើប្រាស់ណា ក៏ដូច​អ្នក​ប្រើ​ប្រាស់​ណា​ដែរ គឺ​គេ​ចង់​បាន​ឧបករណ៍​មួយ​ដែល​មាន​ភាព​ទាក់​ទាញ​ខ្ពស់ និង​អាច​អោយ​គេ​ចំណាយ​ពេល​ច្រើន​ជា​មួយ​វា។ លើ​លោក​នេះ គ្មាន​នរណា​ម្នាក់​ចង់​ភ្ញាក់​ពី​ដំណេក​ភ្លាម ក្រឡេក​ទៅ​ឃើញ​ទូរស័ព្ទ​ដែល​មាន​រចនាបថ​អន់ និង​គ្មាន​ភាព​ទាក់​ទាញ​នោះ​ទេ។ មក​ទល់​ពេល​នេះ Samsung ទើប​តែ​ធ្វើ​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ ព្រោះ​អី​ប្រសិន​បើ​ខ្លួន​ពន្យារ​ពេល​ទៀត​នោះ ចំនួន​លក់​ស្មាតហ្វូន​របស់​ខ្លួន​អាច​នឹង​មាន​ភាព​ថយ​ចុះ។


 
ការរចនាស៊ុមនៃទូរស័ព្ទរបស់ Samsung ដែលប្រើប្រាស់​ដោយ​លោហៈ​ធាតុ​នេះ គឺ​មាន​ភាព​ល្អ​ប្រណិត​គួរ​អោយ​កោត​សរសើរ​ពិត​មែន។ នៅ​លើ Galaxy Note 4 និង Galaxy Note Edge វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោហៈ​ធាតុ​ពីរ​ខ្សែ​ព័ទ្ធ​ជុំ​វិញ​ខាង​លើ និង​ខាង​ក្រោម រឺ​ឯ​ចន្លោះ​កណ្តាល​វិញ​បង្កើត​ដោយ​ជ័រ​ស្វិត​ពិសេស។ រចនាបថ​បែប​នេះ គឺ​រំលេច​ចេញ​ពន្លឺ​ទូរស័ព្ទ​បាន​ស្រស់​ស្អាត ហើយ​គេ​ក៏​មិន​ចាំបាច់​ចំណាយ​លោហៈ​ធាតុ​ច្រើន​ដូច Alpha ផង​ដែរ។
ទាំងនេះគ្រាន់តែជាការចាប់ផ្តើម​តែ​ប៉ុណ្ណោះ ជាក់​ស្តែង​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ អ្នក​នឹង​ឃើញ​ទូរស័ព្ទ​ជា​ច្រើន​ទៀត​របស់ Samsung បង្កើត​ឡើង​ដោយ​លោហៈ​ធាតុ។ តើ​អ្នក​ទាំង​អស់​គ្នា​ពេញ​ចិត្ត​នឹង​ការ​រចនា​ថ្មី​នេះ​ដែរ​រឺ​ទេ? ការ​ចាប់​ផ្តើម​បង្កើត​ស្មាតហ្វូន​ដែល​មាន​រចនាបថ​ប្រណិត​នេះ ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រុមហ៊ុន Xaiomi និង Apple ផង​ដែរ ព្រោះ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ កំពុង​តែ​គំរាម​កំហែង​ចំណែក​ទីផ្សារ​លក់​របស់​ខ្លួន​ជា​ខ្លាំង។

No comments:

Post a Comment