09 September 2014

ការបង្ហាញខ្លួនរបស់ IPhone 6​ (5.5") និង ប្រព័ន្ធប្រតិបត្ដិការជំនាន់ ៨ (IOS 8) នៅប៉ុន្នានម៉ោងខាងមុខនេះ ខិតជិតមកដល់ហើយ​......


សួស្ដីទៅដល់ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសទាំងអស់នៅរាត្រីយប់នេះវេលា​ម៉ោង​ 12 យប់​ថ្ងៃ​ទី​ 9 ឈាន​ចូល​ទៅ​ថ្ងៃ​ទី​ 10 ក្រុមហ៊ុន​បច្ចេកវិទ្យា​ Apple ​នឹង​មាន​ព្រឹត្តិការណ៍​យ៉ាង​អស្ចារ្យ​មួយ​ប្រចាំឆ្នាំ​ ហើយ​យើង​ទាំង​អស់គ្នា​បាន​ដឹង​រួច​ទៅ​ហើយ​ថា​នឹង​មាន​អ្វី​កើត​ឡើង។​ មាន​មនុស្ស​មិន​តិច​នោះ​ទេ​បាន​កំពុង​រង់​ចាំ​កម្មវិធី​ដ៏​វិសេស​នោះ​ ដោយ​សារ​តែ​វា​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ​ជុំវិញ​ ផលិតផល​ថ្មីៗ​ ដែល​ Apple​ បាន​ផលិត​ឡើង​សម្រាប់​បំរើទៅ​ដល់​សេចក្ដី​ត្រូវ​ការ​អ្នក​ប្រើប្រាស់​ពាស​ ពេញ​ពិភពលោក ​ស្ថិតនៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​លោក​អគ្គ​នាយក​ Tim Cook ដែល​បាន​កាន់​កាប់ក្រុមហ៊ុន ​Apple​ បន្ទាប់​ពី​លោក​ Steve Job ដែល​បាន​លាចាក​លោក​ទៅ។​ ដូច្នេះ​តើ​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​ និង​រំពឹង​ទុក​អ្វី​ខ្លះ​ពី​ Apple​ នា​រាត្រី​យប់​នេះ?​ តើ​ Apple នឹង​ពាំ​នាំ​យក​អ្វី​ដែល​ប្លែក​ និង​អស្ចារ្យ​ដើម្បី​ប្រកួត​ប្រជែង​នឹង​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ទៀត​ក្នុង​ សកល​លោក?​ Cambo Report មាន​ចំលើយ​សម្រាប់​អ្នក។

១. IPhone 6


នៅស្រុកខ្មែរនរណាក៏ស្គាល់ទូរស័ព្ទម៉ាក iPhone ដែរ ដែលវាពិតជាមាន​ទី​ផ្សារ​ខ្ពស់​ខ្លាំង​ជាង​ស្មាត​ហ្វូន​របស់​ក្រុមហ៊ុន​ដទៃ ​ហេតុអ្វី​បាន​ជា​យើង​ហ៊ាន​និយាយ​បែប​នេះ?​ អ្នក​អាច​មើល​ទៅលើ​តម្លៃ​របស់​ iPhone​ ហើយ​ធ្វើ​ការ​ប្រៀបធៀប​នឹង​ស្មាត​ហ្វូន​របស់​ក្រុមហ៊ុន​ដទៃ​ថា​ មួយ​ណា​ធ្លាក់​ថ្លៃ​លឿន​ជាង​គេ?​ ម្យ៉ាង​វិញ​ទៀត​សូម្បីតែ​តម្លៃ​ iPhone​ មួយ​ទឹក​ក៏​មិន​ថោក​ដូច​ការ​គិត​របស់​យើង​ដែរ​ បើទោះ​បី​ជា​ iPhone នោះ​ជាប់​ Lock ឬ​ ប្រើប្រាស់​ទ្រនាប់​ស៊ីម​ ក៏​វា​នៅ​មាន​តម្លៃ​ថ្លៃ​ជាង​ស្មាត​ហ្វូន​ធម្មតា​ទៀត​ផង​ ហើយ​នៅ​តែ​មាន​អ្នក​ប្រើប្រាស់​ច្រើន​គួរ​អោយ​កត់​សំគាល់។
សម្រាប់យប់នេះ អ្វីដែលយើងរំពឹងទុកពី Apple គឺ iPhone 6 តែម្ដង ដែលវានឹងមានទំហំ​អេក្រង់​ 4.7 អ៊ីញ​ធំ​ជាង​មុន​ បង្ហាញ​រូប​ភាព​ក្នុង​កម្រិត​រូបភាព​ 1334 x 750p មាន​ដង់​ស៊ីតេ​អេក្រង់​ 326ppi តួ​ខ្លួន​ស្រោប​ឡើង​ពី​លោហៈ​ធាតុ​អាលុយ​មីញ៉ូម​ ជា​មួយ​នឹង​រូបរាង​ថ្មី​ស្រឡាង​ ស្ដើង​ជាង​មុន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ iPhone 6 នឹង​បំពាក់​មក​ជា​មួយ​បន្ទះ​ឈីប​ Processor ជំនាន់ថ្មី​គឺ​ Apple A8 មាន​ល្បឿន​លឿន​ប្រភេទ​ 64-bit យ៉ាង​ណា​មិញ​ RAM របស់​វា​ប្រហែល​ជា​នៅ​តែ​រក្សា​ទំហំ​ 1GB ដដែល ជា​ជាង​ 2GB ​ទៅ​តាម​អ្វី​ដែល​យើង​រំពឹង​ទុក។
ជាងនេះទៅទៀត Apple នៅមាន iPhone 6 មួយស៊េរីទៀតដែលមានទំហំ​អេក្រង់​កាន់​តែ​ធំ​ដល់​ទៅ​ 5.5​ អ៊ីញ​ តែវា​ប្រហែល​ជា​នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ក្នុង​រាត្រី​យប់​នេះ​នោះ​ទេ​ យើង​រំពឹង​ទុក​ថា​វា​នឹង​ប្រកាស​ចេញ​លក់​នៅ​ក្នុង​ឆ្នាំ​ 2015​ ដែល​វា​គឺ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ Apple​ ដើម្បី​ការពារ​ ការ​ធ្លាក់​ចុះ​ទី​ផ្សារ​ដូច​ទៅ​នឹង​ iPhone 5c កាល​ពី​ពេល​កន្លង​ទៅ។ ​សរុប​សេចក្ដី​មក​ស្មាត​ហ្វូន​ដែល​យើង​រំពឹង​ទុក​នា​យប់​នេះ​គឺ iPhone 6 ហើយ​វា​នឹង​មាន​វត្តមាន​ចេញ​លក់​នៅ​តាម​ហាង​លក់​ផលិតផល​ Apple យ៉ាង​យូរ​បំផុត​ថ្ងៃ​ទី​ 19 ខែ កញ្ញា រី​ឯ​ស្រុក​ខ្មែរ​ប្រហែល​ជា​ត្រូវ​រង់​ចាំ​រយៈពេល​ 1 ខែ​ក្រោយ​ថ្ងៃ​ចេញ​លក់​ ទម្រាំ ​iPhone 6 មាន​វត្តមាន​លក់​ក្នុង​ស្រុក​ខ្មែរ​ យើង​ក៏​នឹង​រង់​ចាំ​អ៊ុត​តម្លៃ​របស់​វា​មើល​ទាំង​អស់​គ្នា​ផង​ដែរ។ 

២.IOS 8

 
ប្រព័ន្ធប្រតិបត្តិការ iOS7 ត្រូវបានបញ្ចេញអោយប្រើប្រាស់កាលពីឆ្នាំ 2013 កន្លង​ទៅ​នៅ​ពេល​ iPhone 5s​ ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ ចុះ​សម្រាប់​ឆ្នាំ​ 2014 នេះ​វិញ​ តើ​ Apple​ នឹង​មាន​អ្វីខ្លះ​សម្រាប់​យើង?​ ពិត​ណាស់​គឺ​ iOS 8​ ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ iPhone, iPad និង iPod Touch ជំនាន់​ចុង​ក្រោយ​គេ​បង្អស់​ ដោយ​វា​បាន​ដាក់​បន្ថែម​មក​ជា​មួយ​មុខ​ងារ​ពិសេសៗ​ជា​ច្រើន​មិន​ដូច​ iOS​ ជំនាន់​ចាស់ៗ​ទៀត​ឡើយ។​ ក្នុង​នោះ ​Apple បាន​បើក​ដៃ​ដោយ​ក្រុម​ផលិត​កម្មវិធី​ ឬ​សរសេរ​កូដ​កម្មវិធី​ប្រើប្រាស់​កម្មវិធី​ជា​ប្រភេទ ​Third-party សម្រាប់​ដាក់​បន្ថែម​ Widgets, Keyboards និង​មុខ​ងារ​សំខាន់ៗ​ផ្សេង​ទៀត​ដែល​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ទាំង​នេះ​មាន​ន័យ​ថា​អ្នក​ប្រើប្រាស់ ​iOS8​ ទាំង​អស់​នឹង​កាន់​តែ​មាន​សិទ្ធិ​ប្រើប្រាស់​កម្មវិធី​ប្រភេទ​ Third-party បាន​យ៉ាង​សំបូរ​បែប។
មិនត្រឹមតែប៉ុណ្ណោះ Apple ក៏បានបន្ថែមមកជាមួយសេវាកម្មពិសេសៗជាច្រើន​ផ្សេង​ទៀត​ក្នុង​ iOS 8 ដូច​ជា​ HealthKit, HomeKit និង CloudKit ជា​ដើម​ សម្រាប់​ជួយ​ទៅ​ដល់​ផ្នែក​សុខ​ភាព​អ្នក​ប្រើប្រាស់​ ក៏​ដូច​ជា​ជួយ​ទៅ​ដល់​ការ​ភ្ជាប់​ឧបករណ៍​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​របស់​ អ្នក​ និង​ផ្ដល់​សេវាកម្ម​ទៅ​ដល់​ក្រុម​អ្នក​ផលិត​កម្មវិធី​ដោយ​មិន​គិត​ប្រាក់​ អ្វី​ទាំង​អស់​លើ​មុខងារ​ CloudKit។ ប៉ុន្នេះ​នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ​ iOS 8 នៅ​មាន​មុខ​ងារ​យ៉ាង​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​យប់​នេះ​អ្នក​នឹង​បាន​ដឹង​ កាន់​តែ​ច្រើន​ និង​ច្បាស់​បំផុត។
iOS 8 នឹងអាចដំណើរការបាននៅលើ iPhone, iPad និង iPod Touch តាម​ម៉ូឌែល​ដូច​ខាង​ក្រោម៖
  • iPhone 4s, 5, 5c និង 5s
  • iPad 2, 3, 4, mini, mini 2 និង Air
  • iPod Touch ជំនាន់ទី 5
ដូច្នេះនៅពេល iOS 8 ប្រកាសចេញជាផ្លូវការប្រិយមិត្តអាចទាញយក​ Firmware ហើយ​តម្លើង​ទៅ​កាន់​ iOS 8​ ទាំង​អស់​គ្នា​បាន​ដោយ​សេរី​ មិន​គិត​ប្រាក់​ទាំង​អស់។ ​អ្វី​ដែល​ពិសេស​សម្រាប់​យើង​ទាំង​អស់​គ្នា​នោះ​គឺ​ក្រុម​បំបែក​កូដ Pangu បាន​ប្រកាស​ថា​កម្មវិធី​ពួក​គេ​អាច​ធ្វើ​ការ​ Jailbreak iOS 8 ជំនាន់ beta បាន​រួច​រាល់​ទៅ​ហើយ ចុះ​សម្រាប់​ iOS​ 8​ ផ្លូវ​ការ​យ៉ាង​ណា​ដែរ?​ យើង​នឹង​រង់​ចាំ​ទទួល​ដំណឹង​ល្អ​ពី​ពួក​គេ។ 

៣.Iwatch

 
នាឡិកាឆ្លាតរបស់ Apple បានក្លាយទៅជាពត៌មានចចាមអារ៉ាមយ៉ាង​ច្រើន​ក្នុង​ពិភព​អ៊ីនធឺណែត​ ដែល​បាន​ចេញ​ពត៌មាន​យ៉ាង​ច្រើន​លើក​ច្រើន​សារ​ណាស់​ទៅ​ហើយ​ បើ​យើង​មើល​ទៅ​លើ​ក្រុមហ៊ុន​ Apple​ វិញ​បែ​ជា​មិន​អើពើ​ជុំវិញ​រឿង​ផលិត​នាឡិកា​នេះ​ឡើយ។​ តែ​យើង​ជឿ​ជាក់​ថា​ Apple​ ពិត​ជា​មាន​គម្រោង​ផលិត​នាឡិកា​ឆ្លាត​របស់​ខ្លួន​យ៉ាង​ពិត​ប្រាកដ​មែន​ ដោយ​សារ​តែ​មាន​ប្រភព​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ជុំវិញ​នឹង​រឿង​ផលិត iWatch មួយ​នេះ។​ ម្យ៉ាង​វិញ​ទៀត​ iOS 8​ ក៏​ជា​ធ្នាក់​មួយ​ដែល​អាច​បង្ហាញ​យើង​ទាំង​អស់​គ្នា​អោយ​ឃើញ​អំពី​គម្រោង​ ផ្សេងៗ​ទៀត​របស់​ Apple ពិសេស​នាឡិកា​ឆ្លាត​ iWatch នេះតែ​ម្ដង​ នោះ​ដោយ​សារ​តែ​កម្មវិធី​ HealtKit និង Third-party app ដែល​អាច​ប្រើប្រាស់​ iWatch ភ្ជាប់​ទៅ​កាន់​ iPhone, iPad និង iPod Touch 5 បើ​ពុំ​មាន​មុខងារ​ Third-party នោះទេ​មាន​ន័យ​ថា​យើង​មិន​អាច​ភ្ជាប់​ iWatch អោយ​ស្គាល់​គ្នា​ជា​មួយ​ iDevice ផ្សេង​ទៀត​ឡើយ។
យ៉ាងណក៏ដោយពត៌មានជាច្រើនបានរាយការណ៍មកថា iWatch នឹងពុំ​មាន​វត្តមាន​ចេញ​លក់​នៅ​ក្នុង​ឆ្នាំ​ 2014 នេះ​ជា​មួយ​ iPhone 6 នោះ​ទេ​ តែ​វា​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​បំផុត​នា​ឆ្នាំ​ក្រោយ​ វា​អាច​នឹង​ប្រកាស​ចេញ​លក់​នៅ​ពេល​ iPhone 6 ទំហំ 5.5 អ៊ីញ​បង្ហាញ​ខ្លួន​ផង​ក៏​មិន​ដឹង​ ដូច្នេះ​យើង​នឹង​រង់​ចាំ​មើល​ទាំង​អស់​គ្នា។​ ចំនែក​រាត្រី​យប់​នេះ ​Apple​ អាច​នឹង​បង្ហើប​ពត៌មាន​ខ្លះ​ជុំ​វិញ​រឿង​នេះ​ អោយ​យើង​បាន​ដឹង​ជា​បណ្ដើរៗ។ 

៥.Mac OS X Yosemite


Mac OS X គឺជាប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនមួយរបស់ Apple ដែលបានបង្កើត​ឡើង​ដោយ​ក្រុម​ជំនាញ​សរសេរ​កូដ​របស់​ Apple​ ដែល​វា​មាន​ដាក់​អោយ​ប្រើប្រាស់​ផ្ដាច់​មុខ​តែ​នៅ​លើ ​MacBook Pro, Air និង iMac របស់​ Apple តែ​ប៉ុណ្ណោះ។​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ Mac OS X ត្រូវ​បាន​កែ​ប្រែ​ទ្រង់​ទ្រាយ​ និង​ទម្រង់​របៀប​ប្រើប្រាស់​យ៉ាង​ច្រើន​ ដែល​ធ្វើ​យ៉ាង​អាច​អោយ​វា​មាន​សុវត្ថិភាព​ខ្ពស់​ ងាយ​ស្រួល​ប្រើប្រាស់​ ដំណើរ​ការ​បាន​រលូន​ ពិសេស​បន្ថែម​មក​ជា​មួយ​មុខងារ​ថ្មីៗ​ជា​ច្រើន។​ ជាក់​ស្ដែង​ Mac OS X ជំនាន់​ចុង​ក្រោយ​គេ​បង្អស់គឺ ​Maverick តែ​សម្រាប់​ឆ្នាំ​ 2014 នេះ Apple បាន​ប្រកាស​ជំនាន់​ថ្មី​ចុង​ក្រោយ​មួយ​ទៀតគឺ ​Yosemite ស្ថិត​នៅ​ក្នុង​ជំនាន់​ beta មក​ជំនួស​មុខ​មាត់​ Maverick ដោយ​វា​បាន​កែប្រែ ​Interface អោយ​កាន់​តែ​ស្រស់​ស្អាត​ជាង​មុន​ និង​មុខ​ងារ​សំខាន់ៗ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា៖
  • Spotlight Search
  • Mail
  • Messages
  • iCloud in Finder
  • Calls from Desktop
  • Safari
មុខងារខាងលើអ្នកអាចស្វែងរកវាបាននៅក្នុង Mac OS X Maverick តែអ្វីដែល​ Apple ចង់​ផ្ដល់​អោយ​អ្នក​ជា​មួយ​ Yosemite គឺ​ល្បឿន​ និង​ភាព​អស្ចារ្យ​ក្នុង​ការ​ដំណើរ​ការ​កម្មវិធី​ខាង​លើ​អោយ​ទទួល​បាន​គុណ​ ភាព​ខ្ពស់​ជាង​មុខ។​ ទាំងអស់​នេះ​នៅ​មិន​ទាន់​អស់​នៅ​ឡើយ​នោះ​ទេ​ Yosemite ក៏​នៅ​មាន​មុខងារ​ពិសេសៗ​ជា​ច្រើន​ទៀត​ដែល​ Apple បាន​បង្កប់​មក​ជា​មួយ​ Yosemite សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ Mac របស់ Apple ទាំងអស់។ សរុប​សេចក្ដី​មក​យើង​រំពឹង​ទុក​ថា​ Apple នឹង​ប្រកាស​ចេញ​ Mac OS X Yosemite ចេញ​ជា​ផ្លូវ​ការ​នា​រាត្រី​យប់​នេះ ​ហើយ​រាល់​ចម្ងល់​ទាំង​ឡាយ​ នឹង​ត្រូវ​បក​ស្រាយ​ជូន​យើង​ទាំង​អស់​គ្នា។

No comments:

Post a Comment